ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាអាទិ៍មាន កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្ដោង សឺមីរ៉ឺម៉ក ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។
ដើម្បីឱ្យអ្នកជាប់ពន្ធឈ្វេងយល់ កាន់តែច្បាស់ និងអនុវត្តបានត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសដើម្បីត្រៀមប្រកាសនិងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំ និងចេញផ្សាយនូវខិត្តប័ណ្ណស្តីពី ពន្ធលើមធ្យោបាយដឹកជញ្ជូនដោយបានលើកយកចំណុចសំខាន់ៗរួមមាន៖
-កម្មវត្ថុពន្ធ និងនិយមន័យពាក្យគន្លឹះសំខាន់ៗ
-ការលើកលែងពន្ធ
-អត្រាពន្ធ និងការគណនាប្រាក់ពន្ធ
-កាតព្វកិច្ច និងបែបបទនៃការប្រកាសនិងបង់ប្រាក់ពន្ធ
-ឯកសារភ្ជាប់សម្រាប់ការចុះបញ្ជីឬធ្វើបច្ចុប្បន្នភាពយានយន្ត និង
-របៀបប្រើប្រាស់កម្មវិធីគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន (GDT Means of Transportation Tax Calculation) ៕