ថ្នាក់ដឹកនាំនិងសមាជិកសមាគម សហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CAMBODIA TAXAGENT FEDERATION ASSOCIATION) ហៅថា(CTAFA) ប្រមាណជាង១០រូបបានចូលរួមសិក្ខាសាលាដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីវកម្មនិងសមាគមជប៉ុនកម្ពុជានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ជ្រោយចង្វា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សិក្ខាសាលានេះ ប្រធានបទសំខាន់គឺបានផ្តោតទៅលើ“Investment and Taxation in Cambodia”(ការវិនិយោគ និងការបង់ពន្ធដារនៅកម្ពុជា)។
លោក Takahashi Fumiaki អតីតជាអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បច្ចុប្បន្នជាប្រធានសមាគម ជប៉ុន កម្ពុជា បានបញ្ជាក់ដោយសង្ខេបអំពីតួនាទីនិងសកម្មភាពរបស់សមាគមជប៉ុន កម្ពុជាដែលបានអនុវត្តទទួលបានលទ្ធផលល្អក្នុងរយៈពេលកន្លងមក។
លោកអ៊ឹម សុខធី ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល អភិវឌ្ឍន៍អាជីវកម្ម បានធ្វើបទបង្ហាញអំពីស្ថានភាពជាក់ស្តែង ក៏ដូចជាមុខព្រួញសក្តានុពលសេដ្ឋកិច្ចសំខាន់ៗ ដែលកំពុងអភិវឌ្ឍន៍នៅកម្ពុជានាពេលបច្ចុប្បន្ន។ ជាមួយនោះលោកក៏បានបង្ហាញអំពីលក្ខណៈអំណោយផលពិសេសនិងឱកាសសំខាន់ៗសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។
លោក ទេព សិដ្ឋាន់ណា អនុប្រធានសមាគម សហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារ កម្ពុជា ហៅកាត់ថា (CTAFA) បានចូលរួមធ្វើបទបង្ហាញដល់អ្នកចូលរួម អំពីសមាគម (CTAFA) និងបានបង្ហាញអំពីនីតិវិធីនៃការបង់ពន្ធនៅកម្ពុជា ជាពិសេសគឺសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
លោក ទេព សិដ្ឋាន់ណា ក៏បានលើកឡើងអំពីបញ្ហាជាក់ស្តែងមួយចំនួនដូចជា៖ ចំណាត់ថ្នាក់អ្នកបង់ពន្ធ, ពន្ធរបស់សហគ្រាស, ការបង់ពន្ធផ្ទាល់និងដោយប្រយោល,បង់ពន្ធប្រចាំខែ
និងការបង្វិលពន្ធប្រចាំឆ្នាំដែលត្រូវដំណើរការជាក់ស្តែងស្របទៅតាមច្បាប់នៅកម្ពុជា។
ដោយឡែកលោក Kazunori KATO នាយកប្រតិបត្តិ សមាគមជប៉ុនកម្ពុជាក៏បានបង្ហាញសកម្មភាពរបស់សមាគមជប៉ុន កម្ពុជានិងបានបញ្ចេញនូវទស្សនៈចាប់អារម្មណ៍ចំពោះបញ្ហាសំខាន់ៗក្នុងការវិនិយោគទៅលើវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរ៕